សូមគោរពអ្នកដទៃ និង ស្មោះត្រង់


តាំង​ខ្លួន​ជា​អ្នក​ប្រជាធិបតី យើង​ត្រូវ​ប្រតិបត្តិ និង គោរព​គោលការណ៍​ប្រជាធិបតី ។ យើង​ទាំងអស់​គ្នា​ដឹង​ច្បាស់​ហើយ​ថា មនុស្ស​ខុសៗ​គ្នា តែង​តែ​មាន​គំនិត​ខុសៗ​ពី បើ​និយាយ​ឲ្យ​ល្អិតល្អន់​ទៅ សូម្បី​តែ​ខ្លួន​យើង​ម្នាក់ឯង​ក៏​គំនិត​ផ្លាស់ប្ដូរ​ពី​វិនាទី​នេះ ទៅ វិនាទី​នោះ​មិន​ឈប់ឈរ​ឡើយ (សូម​មិន​និយាយ​ដល់​អារ្យជន​ដែល​គ្រប់គ្រង​ចិត្ត​បាន​ល្អ) ដូច្នោះ​ហើយ យើង​ត្រូវ​រៀន​ទទួល​យក​ការ​ពិត​ថា ក្នុង​សង្គម​មនុស្ស​យើង ជន​ខុស​គ្នា ក្រុម​ខុស​គ្នា តែងតែ​មាន​ទស្សនៈ​ខុសគ្នា គោលដៅ​ខុសគ្នា និង វិធីសាស្ត្រ​ប្រតិបត្តិ​ខុសៗ ។ 

នោះ​គឺ​និយាយ​ឲ្យ​ទូលាយ យើង​បង្រួម​មក​រឿង​ខ្មែរ​ក្រោម​វិញ​ម្ដង ។

សព្វថ្ងៃ​នេះ ខ្មែរក្រោម​នៅ​ទូទាំង​ពិភពលោក​បាន​បង្កើត​ជា​ក្រុម ជា​ពួក​ច្រើន​ណាស់ ដែល​ពុំ​ងាយ​រ៉ាយរ៉ាប់​បាន​អស់​នោះ​ទេ ហើយ​នេះ​ជា​ការ​ពិត ។

ចំពោះ​ស្ថានភាព​ជាក់ស្ដែង​នេះ មាន​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន​បាន​ឱប​ក្បាល យំ​ស្រែក​ថា «បែកបាក់​ហើយ» ចង់​ឲ្យ​រួបរួម ឯកភាព​ទៅ​ជា​មួយ ។ ហើយ​ក៏​មាន​ជន​មួយ​ចំនួន​បាន​គិត​ថា ក្រុម​នេះ ក្រុម​នោះ មិន​មែន​ជា​ក្រុម​របស់​អញ ក៏​កើត​ក្ដី​មិន​សប្បាយ​ចិត្ត ចង់​ឲ្យ «ខ្មែរក្រោម​ទាំងពួង​ជ្រក​ក្រោម​ម្លប់​តែ​មួយ» ហើយ​ពួក​គេ​បាន​តាំង​ខ្លួន​ជា​អ្នក​បង្រួបបង្រួម​ឲ្យ​ខ្មែរក្រោម​ទាំងឡាយ​ចុះចូល​ជា​មួយ​នឹង​ក្រុម​គេ ។ ជា​លទ្ធផល ប្រសិនបើ​ក្រុម​ណា ពួក​ណា ឬ ជន​ណា​មិន​ព្រម​ក្រោម​ស្លាក​របស់​គេ គេ​នឹង​បិទ​ស្លាក​ឲ្យ​ថា «ជន​ប្រឆាំង» ឬ «ជន​ក្បត់» ។

ឥឡូវ​កនយើង​និយាយ​មក​វិញ​ម្ដង​ទៀត រឿង​ពហុ​ទស្សនៈ ។

ក្នុង​ព្រៃ​មាន​ច្រើន​ប្រភេទ​ឈើ​ណាស់ ហើយ​ក្នុង​ប្រភេទ​នីមួយៗ មាន​ដើម​ឈឺ​ច្រើន​ណាស់​ដែល ដើម​នីមួយៗ​កោង ត្រង់ ខ្ពស់ ទាប ស្រស់ ចាស់ ខ្ចី ខុសៗ​គ្នា ។ នោះ​ហើយ​គេ​ហៅ​ថា​ព្រៃ ។ ក៨​ដូច្នោះ​ដែរ គំនិត​ «ក» គំនិត «ខ» «គំនិត​ក១» «គំនិត កF២៤» ។ល។ គំនិត​ច្រើន​ណាស់ ខុសៗ ប្លែកៗ ។ល។ នេះ​ហើយ​ គេ​ហៅ​ថា «សង្គម​មនុស្ស»

ខ្មែរក្រោម​យើង ច្រើន​ក្រុម​ណាស់ មាន​ក្រុម​មិន​ខ្វល់​រឿង​ទឹកដី​ទេ តែ​ខិតខំ​ការពារ បម្រើ​ប្រជាជន​ខ្មែរក្រោម​ឲ្យ​មាន​ការ​រស់​នៅ​ត្រឹមត្រូវ មាន​ក្រុម​ស្វិតស្វាញ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​ខ្មែរក្រោម មាន​ក្រុម​នាំ​ខ្មែរ​ក្រោម​ទៅ​រក​សិទ្ធិ «សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង» មាន​ក្រុម​ចង់​ពឹង​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​យួន​ទាមទារ​ទឹកដី​មក​វិញ មាន​ក្រុម​ចង់​វាយ​យួន​យក​ទឹក​ដី​មក​វិញ មាន​ក្រុម​ចង់​ប្ដឹង​យួន មាន​ក្រុម​ចង់​រស់​នៅ​ជា​មួយ​នឹង​យួន មាន​ក្រុម​សហការ​នឹង​យួន មាន​ក្រុម​ការពារ​យួន មាន​ក្រុម​បម្រើ​យួន មាន​ក្រុម​គ្មាន​ធ្វើ​បាន​អ្វី​ទាំងអស់​តែ​ស្រែក​ឡូឡា​ដើម្បី​មុខ​មាត់ មាន​ក្រុម​មិន​ធ្វើ​អ្វី​តែ​ស្រែក​ឡូឡា​ដើម្បី​បាន​លុយ​ចាយ ។ល។ ច្រើន​ណាស់ ច្រើន​ណាស់ រាប់​មិន​អស់​ទេ !

ត្រូវ​ធ្វើ​យ៉ាង​ម៉េច​បង្រួបបង្រួម ឲ្យ​មាន​ឯកភាពជាតិ ?

បង្រួប​ម្ដេច​កើត ប្រសិនបើ​ធាតុ​នៃ​សង្គម​នេះ​គឺ​បែក​ជា​ស្រេច​ហើយ​នោះ ! ដូច្នោះ​ហើយ​មិន​ចាំ​បាច់​ចង់​បាន​ក្រុម​ណា​រលាយ ឬ ចូល​មក​ជា​មួយ​នឹង​យើង​ទេ ។ ទុក​ឲ្យ​អ្វីៗ​កើត​ឡើង​តាម​ធម្មជាតិ​ចុះ !

តែ​ក៏​ជា​ច្បាប់​នៃ​ធម្មជាតិ​ដែរ គឺ រវាង​ពួក​​ដែល​មាន​មនសិការ​ជាតិ ចង់​បម្រើ​ជាតិ​ពិត​ប្រាកដ ប្រកប​ដោយ​ចំណេះដឹង សុឆន្ទៈ និង សីលធម៌ មិន​អាច​ណា​មាន​ជម្លោះ​ណា​ឡើយ មិន​អាច​មាន​ទំនាស់​ណា​មួយ​ឡើយ ។

គ្មាន​ច្បាប់​ណា​មាន​យុត្តិធម៌​ជាង​ច្បាប់​ធម្មជាតិ​ទេ អ្វីៗ​នៅ​លើ​លោក​នេះ ឲ្យ​តែ​ស្រប​នឹង​ធម៌ គឺ​បាន​គង់វង្ស និង រីកចម្រើន​ដោយ​ឯកឯង ហើយ​អ្វីៗ​ខុស​នឹង​ធម្មជាតិ​នឹង​ត្រូវ​រលាយ​សាបសូន្យ​ដោយ​ឯកឯង ។

នរណា​ក៏​មាន​សិទ្ធិ​ដូចៗ​គ្នា តែ​សូម​ឲ្យ​ចេះ​ស្មោះត្រង់​នឹង​ជាតិ និង ស្មោះត្រង់​នឹង​ខ្លួន​ឯង អ្វី​យើង​ធ្វើ​បាន និយាយ​ចុះ ធ្វើ​យើង​ពុំ​ទាន់​ធ្វើ​បាន ឬ ពុំ​អាច​ធ្វើ​បាន កុំ​បំប៉ោង ។ ការ​បំប៉ោង​របស់​ពួក​អ្នក​ឯង​អាច​បង្ក​ភាព​អន្តរាយ​ដល់​ជាតិ ប៉ះពាល់​ដល់​អាយុ​ជីវិត​កូនចៅ​ខ្មែរក្រោម​ដែល​ស្លូត​ត្រង់ ល្ងង់ ពុំ​សូវ​ដឹង​អី ។

សូម​ឲ្យ​ស្មោះត្រង់​មែនទែន ។ ប្រសិនបើ​ធ្វើ​មិន​បាន​ទេ សូម​ជៀស​ឲ្យ​អ្នក​ផ្សេង​ធ្វើ ឬ ធ្វើការងារ​ផ្សេង​ចុះ ការងារ​ច្រើន​ណាស់ សូម​កុំ​បង្អាក់​ដំណើរការ​របស់​ជាតិ​ខ្មែរ ។ បើ​មិន​ដូច្នោះ​ទេ ច្បាប់​ធម្មជាតិ​មិន​លើកលែង​ឲ្យ​ទេ បើ​មិន​ជឿ សាក​មើល៍ !

ក្រុង​ភ្នំពេញ ថ្ងៃទី​សូន្យ​ប្រាំបួន​នៃ​ខែ​កុម្ភៈ​របស់​ឆ្នាំ​ពីរ​ពាន់​ដប់​ប្រាំពីរ

Share this:

,

CONVERSATION

0 comments:

Post a Comment